06/07/2026
ភារៈកិច្ចរបស់យើងត្រូវបានបញ្ចប់វគ្គចែកពូល
ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ បានបញ្ចប់សម្រាប់ក្រុម គ្រាប់បាល់សន្តិភាព (Peace Ball School) ត្រឹមវគ្គចែកពូល។ លទ្ធផលនេះមិនមែនជាអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែយើងទទួលយកវាដោយការគោរពចំពោះការប្រកួត គូប្រកួត និងទទួលខុសត្រូវខ្ពស់របស់ក្រុម។
សម្រាប់ក្រុមដែលទើបបង្កើតបានជាង ២ឆ្នាំ ការមានឱកាសឈានជើងចូលរួមក្នុងពានរង្វាន់ពាក់កណ្តាលអាជីពដ៏មានកិត្យានុភាពមួយនេះ គឺជាសមិទ្ធផលមួយដែលយើងមានមោទនភាព។ មិនមែនដោយសារតែលទ្ធផលនៃការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែដោយសារយើងបានបង្ហាញថា ក្រុមតូចមួយដែលកើតចេញពីក្តីស្រមៃ និងការលះបង់ ក៏អាចឈានមកឈរលើវេទិកាដ៏ធំមួយនេះបានដែរ។
អ្វីដែលមានតម្លៃជាងលទ្ធផល គឺការបានផ្តល់ឱកាសដល់យុវជនជាច្រើន ដែលភាគច្រើនមកពីសហគមន៍ និងមិនធ្លាប់មានឱកាសហ្វឹកហាត់ ឬប្រកួតក្នុងកម្មវិធីផ្លូវការធំៗពីមុន ប៉ុន្តែយើងបានផ្តល់ឪកាសអោយពួកគាត់មានកន្លែងហ្វឹកហាត់សមរម្យ ហើយថ្ងៃនេះផងដែរ ពួកគាត់បានពាក់អាវក្រុម បានឈរលើទីលាន និងបានប្រកួតជាមួយក្រុមដែលមានបទពិសោធន៍ខ្ពស់។ នេះគឺជាជ័យជម្នះមួយសម្រាប់ការអភិវឌ្ឍយុវជន និងជាគោលបំណងដែលយើងតែងតែប្រកាន់ខ្ជាប់។
យើងទទួលស្គាល់ថា ការប្រកួតលើកដំបូងនេះ មានបញ្ហា និងចំណុចខ្វះខាតជាច្រើន។ ប៉ុន្តែយើងនឹងមិនយកបញ្ហាទាំងនោះធ្វើជាលេស ដើម្បីគេចវេសលទ្ធផលឡើយ។ ផ្ទុយទៅវិញ យើងនឹងយកគ្រប់មេរៀន គ្រប់កំហុស និងគ្រប់បទពិសោធន៍ មកកែលម្អប្រព័ន្ធគ្រប់គ្រង ការហ្វឹកហាត់ និងការរៀបចំក្រុម ដើម្បីឱ្យកាន់តែរឹងមាំ។
ដើម្បីបន្តដំណើរនេះ យើងខ្ញុំពិតជាត្រូវកាបណ្តាក្រុមហ៊ុន ស្ថាប័ន ដៃគូអាជីវកម្ម និងសប្បុរសជនទាំងអស់ ដែលមានទស្សនវិស័យរួមក្នុងការអភិវឌ្ឍយុវជនតាមរយៈវិស័យកីឡា មកចូលរួមជាដៃគូជាមួយក្រុម គ្រាប់បាល់សន្តិភាព។ ការគាំទ្ររបស់លោកអ្នក មិនត្រឹមតែជួយដល់ក្រុមប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើអនាគតរបស់យុវជនកម្ពុជា។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកគាំទ្រទាំងអស់ ដែលបានឈរក្បែរយើង ទាំងពេលឈ្នះ និងពេលចាញ់។ កម្លាំងចិត្តរបស់អ្នក គឺជាកម្លាំងដ៏ធំបំផុតដែលជំរុញឱ្យយើងបន្តដំណើរទៅមុខ។
យើងសូមសន្យា…យើងនឹងត្រឡប់មកវិញ
មិនមែនត្រឹមតែជាក្រុមដែលបានចូលរួមប្រកួតនោះទេ ប៉ុន្តែជាក្រុមដែលមានសមត្ថភាពប្រកួតប្រជែង មានវិន័យ មានគុណភាព និងមានមហិច្ឆតាខ្ពស់ជាងមុន។
“ការបរាជ័យថ្ងៃនេះ មិនមែនជាទីបញ្ចប់ទេ។ វាជាមេរៀនដែលកំពុងកសាងភាពជោគជ័យនៅថ្ងៃអនាគត់។”
សូមជូនពរដល់ក្រុមទាំងអស់បន្តទទួលបានជោគជ័យក្នុងការប្រកួត ហើយសូមឱ្យពានរង្វាន់ SOCCER LEAGUE បន្តរីកចម្រើន និងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា។
យើងនឹងត្រឡប់មកវិញ… រឹងមាំជាងមុន។
គ្រាប់បាល់សន្តិភាព (Peace Ball School)
06/07/2026
04/07/2026
04/07/2026
04/07/2026
26/06/2026
24/06/2026