13/08/2026
ឆ្នាំ២០២៤ ខ្ញុំបានថតរូបនេះនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ជិតច្រកសមុទ្រ ហូមូស (Strait of Hormuz)។ ពេលនោះ ច្រកសមុទ្រនេះមិនទាន់មានការចាប់អារម្មណ៍ច្រើននៅកម្ពុជា ហើយសូម្បីតែខ្ញុំក៏មិនទាន់ដឹងថាវាមានសារៈសំខាន់ប៉ុណ្ណាដែរ។
នៅចំណតរថយន្តដឹកទំនិញមួយ ខ្ញុំបានជជែកលេងជាមួយអ្នកបើកបរឡាន។ ពួកគាត់ប្រាប់ថា កំពុងធ្វើដំណើរទៅកាន់ កំពង់ផែ Bandar Abbas ដែលជាកំពង់ផែនាំចេញដ៏ធំបំផុតរបស់អ៊ីរ៉ង់ និងស្ថិតនៅមិនឆ្ងាយពីទីនោះ។ Bandar Abbas មានទីតាំងជាប់នឹងច្រកសមុទ្រហូមូស ដែលជាផ្លូវសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក សម្រាប់ការដឹកជញ្ជូនប្រេង និងពាណិជ្ជកម្មអន្តរជាតិ។
ពេលធ្វើដំណើរ យើងមិនដឹងទេថា ទីកន្លែងតូចៗដែលយើងឈប់សម្រាក ឬមនុស្សដែលយើងជួប តែងតែមានរឿងរ៉ាវនៅពីក្រោយ។ ការធ្វើដំណើរបានបង្រៀនខ្ញុំថា ចំណេះដឹងល្អបំផុត ជាច្រើនដង មិនមែនបានមកពីសៀវភៅទេ ប៉ុន្តែបានមកពីការសន្ទនាជាមួយមនុស្សនៅតាមផ្លូវ។ វីដេអូជជែកលេងនៅក្នុងខម្មិន 👇
11/08/2026
ផ្ទះមួយ មិនមែនគ្រាន់តែជាកន្លែងសម្រាប់ដេកទេ… វាជាអត្តសញ្ញាណ។
រូបភាពនេះ ថតនៅជីហែរ ដែលកាលនោះស្ថិតក្នុងខេត្តកំពង់ចាម។ ដំណើរទៅទីនោះ និងអារម្មណ៍ដែលខ្ញុំទទួលបានពេលទៅលេងផ្ទះអ៊ំ បានក្លាយជាចំណុចមួយនៃការសម្រេចចិត្តរបស់ខ្ញុំ ក្នុងការសាងសង់ ផ្ទះខ្មែរនៅភូមិព្រះអង្គកែវ។
ខ្ញុំចង់ឲ្យបងប្អូនដែលមកលេងផ្ទះខ្មែរនៅភូមិព្រះអង្គកែវ ទទួលបានអារម្មណ៍ដូចដែលខ្ញុំធ្លាប់មាននៅជីហែរ—អារម្មណ៍ថា យើងកំពុងត្រឡប់ទៅរកផ្ទះខ្មែរ របៀបរស់នៅខ្មែរ និងអ្វីមួយដែលស្គាល់ថា «នេះជារបស់យើង»។
សព្វថ្ងៃ ជីវភាព និងរបៀបរស់នៅរបស់មនុស្សជំនាន់ថ្មីកំពុងផ្លាស់ប្តូរយ៉ាងលឿន។ ជាមួយការផ្លាស់ប្តូរនោះ ស្ថាបត្យកម្មខ្មែរមួយចំនួនក៏កំពុងបាត់បង់បន្តិចម្តងៗ។ ពេលខ្លះ យើងសង់ផ្ទះដោយគិតត្រឹមថា ធ្វើឲ្យតែអាចរស់នៅ និងដេកបាន ប៉ុន្តែភ្លេចថា ផ្ទះក៏អាចប្រាប់រឿងរ៉ាវពីម្ចាស់ផ្ទះ គ្រួសារ សង្គម និងវប្បធម៌របស់យើងបានដែរ។
ខ្ញុំនៅចាំកាលពីឪពុកខ្ញុំសង់ផ្ទះ។ គាត់ជជែកគ្នាអំពី កំពូលផ្ទះ ផ្ទោង ទម្រង់ផ្ទះ និងប្រភេទឈើ។ មិនសូវឮគាត់និយាយអំពីហុងស៊ុយ ឬគំនិតទំនើបៗច្រើនដូចសព្វថ្ងៃទេ។ ប៉ុន្តែផ្ទះនោះបានផ្តល់ជម្រក កក់ក្តៅ និងចិញ្ចឹមកូនៗឲ្យធំដឹងក្តី មានសេចក្តីសុខដូចគេដូចឯង។
ខ្ញុំក៏មិនមានន័យថា យើងត្រូវត្រឡប់ទៅរស់នៅដូចមនុស្សជំនាន់មុនទាំងស្រុងនោះទេ។ យើងអាចទទួលយកបច្ចេកវិទ្យា សម្ភារៈ និងភាពងាយស្រួលនៃសម័យថ្មី ប៉ុន្តែយើងក៏អាចរក្សា ព្រលឹងនៃស្ថាបត្យកម្មខ្មែរ ឲ្យនៅរស់ជាមួយយើងបាន។
ព្រោះស្ថាបត្យកម្មខ្មែរ មិនមែនកើតឡើងដោយចៃដន្យទេ។ វាបានឆ្លងកាត់បទពិសោធន៍ជាច្រើនជំនាន់ សម្របខ្លួនទៅនឹងអាកាសធាតុ ធម្មជាតិ របៀបរស់នៅ គ្រួសារ និងវប្បធម៌ខ្មែរ រហូតក្លាយជាផ្នែកមួយនៃអត្តសញ្ញាណរបស់យើង។
យើងអាចសង់ផ្ទះថ្មីបានគ្រប់ពេល
ប៉ុន្តែបើអត្តសញ្ញាណបាត់ទៅហើយ ការសង់វាឡើងវិញមិនងាយទេ។
នេះហើយជាមូលហេតុមួយដែលខ្ញុំសាងសង់ផ្ទះខ្មែរនៅ ភូមិព្រះអង្គកែវ—មិនមែនគ្រាន់តែដើម្បីមានផ្ទះមួយខ្នងទេ ប៉ុន្តែដើម្បីរក្សាអារម្មណ៍ រឿងរ៉ាវ និងព្រលឹងនៃផ្ទះខ្មែរ ឲ្យកូនចៅជំនាន់ក្រោយនៅតែអាចមកឃើញ មកប៉ះ និងមកមានអារម្មណ៍ថា៖
«នេះជាផ្ទះខ្មែរ… នេះជារបស់យើង»។
សាកបទពិសោធន៍ស្នាក់នៅផ្ទះខ្មែរសូមចុចតំណរនៅក្នុងខំម្មិនខាងក្រោម 👇
#ភូមិព្រះអង្គកែវ #ផ្ទះខ្មែរ #ស្ថាបត្យកម្មខ្មែរ #អត្តសញ្ញាណខ្មែរ #រក្សាមរតកខ្មែរ